ការលក់ iPhone របស់ Apple ក្នុងប្រទេសចិន មានការថយចុះគួរកត់សម្គាល់ក្នុងរយៈពេល ៦សប្ដាហ៍ដំបូងនៃឆ្នាំ២០២៤នេះ ដោយធ្វើឲ្យ Apple បានបាត់បង់តំណែងជាក្រុមហ៊ុនលក់ស្មាតហ្វូនលក់ជាងគេនៅប្រទេសចិន។
ក្នុងនោះការលក់ iPhone មានការថយចុះ ២៤% រុញ Apple ទៅដល់លេខបួន ខណៈ Vivo ឡើងលើតំណែងកំពូល ដោយសារជោគជ័យជាមួយស្មាតហ្វូនលំដាប់ថវិកា។ នេះបើតាមស្ថាប័ន Counterpoint Research។
ទន្ទឹមនឹងនោះដែរ Huawei ឃើញចំណែកទីផ្សាររបស់ខ្លួនកើនឡើងពី ៩,៤% មកដល់ ១៦,៥% ដោយសារតែស្មាតហ្វូន Mate 60 Series ទទួលបានការគាំទ្រខ្លាំង។ Apple មានចំណែកទីផ្សារ ១៥,៧% ថយចុះពី ១៩% កាលពីឆ្នាំកន្លងទៅ។
គួរដឹងថាដៃគូលក់រាយរបស់ Apple នៅប្រទេសចិន កាន់តែពឹងផ្អែកខ្លាំងលើការបញ្ចុះតម្លៃ iPhone 15 ដើម្បីបង្កើនចំនួនលក់ ដោយការបញ្ចុះតម្លៃនេះបន្ទាប់ពី Apple ខ្លួនឯង បានធ្វើការបញ្ចុះតម្លៃដ៏កម្រសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនកាលពីខែកុម្ភៈ៕